ភ្នំពេញ៖លោក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា «ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក» ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍន៍សមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញអាចទទួលរ៉ាប់រងភារកិច្ចដែលកាន់តែស្មុគ្រស្មាញប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបរសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺនៅថ្ងៃទី១៤ ខែមករាឆ្នាំ២០២២ ។

លោកបានបន្តថា ហេតុដូចនេះ កងយោធពលខេមរភូមិន្ទផ្ទាល់ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយតបចំពោះរាល់សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ។ក្នុងពេលចំពោះមុខ ការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិតខិតខំរិះរកវិធីពិនិត្យដោះស្រាយតាមតម្រូវការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។ 

ទន្ទឹមនឹងនេះ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចការមនុស្សធម៌នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្កើតឱ្យមានជាយន្តការការងារច្បាស់លាស់ ដើម្បីឱ្យការងារនេះអាចត្រូវបានទទួលបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ពីព្រោះសម្រាប់សម្តេចទាំងទ្វេ “ជាគ្រួសារកងទ័ពមួយថ្ងៃ គឺជាគ្រួសារទ័ពមួយជីវិត”។

ក្នុងឱកាសនោះផងដែរ ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន- កងឯកភាពចំណុះដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខរបៀបរៀបរយនិងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងព្រឹត្តការណ៍ជាយថាហេតុផ្សេងៗ ជាពិសេសសកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមក។

លោក ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័សហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។យ៉ាងណាក៏ដោយសោកនាដកម្មកូវីដ-១៩បានប្រែក្លាយជាមានសភាពធូរស្រាលដោយសារសម្តេចតេជោ មានការសម្រេចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។ សម្តេចតេជោគឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋឱ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ