លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ជាមួយសហព័ន្ធកីឡាជាតិនានា ស្តីពីការត្រៀម ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបាយការណ៍ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការបញ្ជាក់លើប្រភេទកីឡាត្រៀមដាក់ក្នុងកម្មវិធីប្រកួត ព្រមទាំងការរៀបចំយុទ្ធសាស្ត្រ ក្រុមជម្រើសជាតិ សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ដំបូងយើងត្រូវដឹងពីកាលបរិច្ឆេទ ២១ វិច្ឆិកា ឆ្នាំ២០២១ ពិធីបើកផ្លូវការប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ថ្ងៃបិទ នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១។ ថ្ងៃទី២ធ្នូនេះ កម្ពុជានឹងទទួលទង់សម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតធ្វើនៅទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុង ដែលម្ចាស់ផ្ទះ វៀតណាម បានរៀបចំ ៣៦ប្រភេទកីឡា ៤៥០វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូង ដែលសម្រេចជាឯកតោភាគី និងបានដាក់មកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ។

លោកអគ្គលេខាធិការក៏បានជម្រាបជូនដល់សហព័ន្ធកីឡាជាតិនានា សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះ គឺការស្នាក់នៅរបស់អត្តពលិកនៅសណ្ឋាគារ មិនស្នាក់នៅភូមិកីឡាទេ។ នាថ្ងៃទី២១ ខែវិច្ឆិកា ២០២០ ទទួលបាន Technical Handbook, ថ្ងៃទី២១ ខែកុម្ភៈ ២០២១ នឹងត្រូវចុះឈ្មោះ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមការចុះបញ្ជីអត្តសញ្ញាណ គឺការផ្តល់ប័ណ្ណសម្គាល់ខ្លួនជាផ្លូវការ ហើយត្រូវជ្រើសរើសកីឡាករឲ្យហើយអស់ និងបញ្ចូលឈ្មោះក្នុងប្រព័ន្ធ ហើយថ្ងៃទី២១ ខែតុលា ២០២១ បិទការចុះឈ្មោះអនឡាញ មុនការប្រកួត១ខែ។ លោកស្នើឲ្យសហព័ន្ធសំខាន់ជាងគេ កីឡាករ កីឡាការិនីក្រៅប្រទេសសហព័ន្ធកីឡាជាតិនីមួយត្រូវផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះជូនដល់ពួកគាត់។

លោកបញ្ជាក់ជូនថា សម្រាប់កម្ពុជា គឺមាន៨ប្រភេទកីឡា ដែលមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ ដែលមានដូចជាតេក្វាន់ដូ ប៉េតង់ គុនខ្មែរ វាយកូនបាល់ ប្រដាល់សកល វ៉ូវីណាម សីដក់ និងចំបាប់។ ជាមួយគ្នានោះកិច្ចប្រជុំក៏បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានា រៀបចំក្រុមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាក្រុមពិសេស ក្នុងស្មារតីឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់អាទិភាពឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ