លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន
អាមេរិក៖ បន្ទាប់ពីឡើងកាន់អំណាចបាន១០០ថ្ងៃ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងសារជាលើកដំបូងនៅចំពោះមុខសភា ដោយលោកបានយកឱកាសនោះ ស្នើសុំថវិកា១,៨ទ្រីលានដុល្លារ ដែលលោកនិយាយថា ជារឿងចាំបាច់ដើម្បីប្រកួតប្រជែងជាមួយចិន ។ នេះបើយោងតាមប្រភព CNA
នាឱកាសនោះដែរ លោក បៃដិន បានគូសបញ្ជាក់ថា ចិនកំពុងតែបោះជំហានយ៉ាងប្រកៀកខ្លាំងណាស់ និងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានបំណងប្រាកដប្រជា ក្នុងការប្រែក្លាយចិនអោយទៅជាប្រទេសដែលអស្ចារ្យ និងមានឥទ្ធិពលបំផុតលើលោក ។
ជាមួយគ្នានេះ លោកបានប្រាប់លោក ស៊ី ជីនពីង ថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមានយោធាដ៏ខ្លាំងក្លានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលយើងបានធ្វើសម្រាប់អង្គការណាតូនៅអឺរ៉ុបដែរ គឺមិនមែនចាប់ផ្តើមជម្លោះទេ ប៉ុន្តែដើម្បីទប់ស្កាត់ជម្លោះ ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងងើបឡើងប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ដែលធ្វើឱ្យអន្តរាយដល់និយោជិត និងឧស្សាហកម្មអាមេរិក ដូចជា ការឧបត្ថម្ភធនដល់សហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋ និងការលួចបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ៕