វៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួន២ករណី នៅក្នុងខេត្ដ Hai Doung និងខេត្ដ Quang Ninh ដែលជាករណីឆ្លងក្នុងសហគមន៍លើកដំបូង ក្នុងរយៈពេល ៥៥ថ្ងៃមកនេះ។

ក្នុងចំណោមអ្នកជំងឺថ្មីទាំង២ រួមមាន ស្ដ្រីអាយុ ៣៤ឆ្នាំ ដែលធ្វើការឲ្យក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd ស្ថិតនៅទីក្រុង Hia Duong ខេត្ដ Hai Duong ជាខេត្ដដែលគាត់រស់នៅ។ អ្នកជំងឺរូបនេះ បានមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មការិនីម្នាក់ទៀតនៅក្នុងទីក្រុងជាមួយគ្នា ដែលកម្មការិនីរូបនេះត្រូវបានបញ្ជាក់ថាធ្វើតេស្ដវិជ្ជមាននៅពេលនាងបានទៅដល់ប្រទេសជប៉ុន កាលពីសប្ដាហ៍មុន។

ដោយឡែក អ្នកជំងឺម្នាក់ទៀតជាបុគ្គលិកអាយុ ៣១ឆ្នាំធ្វើការនៅអាកាសយានដ្ឋានអន្ដរជាតិ Van Don ក្នុងខេត្ដ Quang Ninh ដែលរស់នៅក្នុងសង្កាត់ Hong Ha នៃតំបន់ប្រជុំជន Ha Long ខេត្ដ Quang Ninh ផ្ទាល់តែម្ដង។ មុនដំបូងឡើយអ្នកជំងឺរូបនេះមានអាការគ្រុនក្ដៅ ឈឺបំពង់ក រួមទាំងក្អកផងដែរ ហើយគាត់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក្នុងតំបន់។ គាត់ត្រូវបានបញ្ជាក់ថា មានភាពវិជ្ជមានជំងឺកូវីដ-១៩ លើកទីមួយនៅយប់ថ្ងៃពុធ ហើយធ្វើតេស្ដវិជ្ជមានលើកទីពីរនៅព្រឹកថ្ងៃព្រហស្បតិ៍។

យ៉ាងណាមិញ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរដ្ឋ នៅក្នុងទីក្រុងហាណូយ។

គួរឲ្យដឹងដែរថា មកទល់ថ្ងៃនេះដែរ ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៥៥៣ករណី ដោយក្នុងនោះមានអ្នកជំងឺចំនួន ៨៥នាក់កំពុងសម្រាកព្យាបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ