ប៊ែរឡាំង៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារ ទី០១ ខែមីនា ថា យ៉ាងហោចណាស់ជនស៊ីវិល 136 នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ 13 នាក់ និង 400 នាក់បានរងរបួស ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីសប្តាហ៍មុនមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ មីនា ២០២២។

លោក Liz Throssell អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ចំនួនអ្នកស្លាប់ពិតប្រាកដគឺទំនងជាខ្ពស់ជាងនេះ" ដោយលោកបន្ថែមថា 253 នាក់នៃអ្នកស្លាប់បាត់បង់ជីវិតគឺនៅតំបន់ Donetsk និង Lugansk នៅភាគខាងកើតអ៊ុយក្រែន។

អ្នកនាំពាក្យរបស់ WFP លោក Tomson Phiri បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិកំពុងពង្រីកសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទ្រទ្រង់ប្រជាជនរហូតដល់ 3.1 លាននាក់។

ក្រៅពីនេះទៅទៀត លោកស្រី Shabia Mantoo អ្នកនាំពាក្យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយនៅក្នុងសន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវថា មនុស្សជាង 600,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងក្នុងរយៈពេលប្រាំមួយថ្ងៃចុងក្រោយចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ