នៅថ្ងៃសៅរ៍នេះ ប្រទេសជប៉ុនបានជួបការរញ្ជួយដីដ៏ខ្លាំងមួយ ដែលធ្វើឲ្យរង្គើអគារជាច្រើននៅក្នុងរាជធានីតូក្យូ និងបណ្តាលឲ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នៅឆ្នេរសមុទ្រភាគឦសានប្រទេស។ ភ្លាមៗនេះ មិនមានសេចក្តីរាយការណ៍អំពីការខូចខាតនោះទេ។
ក្រុមស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានដាក់កម្លាំងនៃការរញ្ជួយនេះថាមានកម្រិត ៧.០ រ៉ិចទ័រ។ ការរញ្ជួយបានចាប់ផ្តើមមុនម៉ោង ៦:១០នាទីល្ងាច (ម៉ោងនៅជប៉ុន)។
USGS បាននិយាយថា ការរញ្ជួយដីនេះស្ថិតនៅចម្ងាយ២៧គីឡូម៉ែត្រ ខាងកើតតំបន់ Ishinomaki និងមានជម្រៅ៦០គីឡូម៉ែត្រ។
តំបន់នេះស្ថិតនៅជិតឆ្នេរសមុទ្រនៃខេត្ត Miyagi ដែលជាខេត្តរងការវាយប្រហារយ៉ាងខ្លាំងក្នុងអំឡុងពេលមានការរញ្ជួយដី និងរលកយក្សស៊ូណាមីកាលពីឆ្នាំ២០១១។
ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានធ្វើឡើងនៅខេត្ត Miyagi៕