មហាសេដ្ឋីលំដាប់ពិភពលោក លោក ប៊ីលហ្គេត (Bill Gates) និងមេលីនដាហ្គេត (Melinda Gates) ប្រកាសពីការលែងលះគ្នា ដែលនាំឱ្យពិភពលោកភ្ញាក់ផ្អើល
នៅក្នុងសេចក្តីប្រកាសរួមមួយដែលបានធ្វើឱ្យពិភពលោកមានការខកចិត្ត និងរំជើបរំជួល កាលពីថ្ងៃច័ន្ទ នោះគឺ មហាសេដ្ឋីលំដាប់ពិភពលោកនិងជាសប្បុរសជនមួយរូប លោក ប៊ីលហ្គេត និង មេលីនដាហ្គេត បានសម្រេចចិត្តស្វែងរកការលែងលះគ្នា បន្ទាប់ពីបានរៀបការអស់រយៈពេល ២៧ ឆ្នាំ ប៉ុន្តែនៅតែបន្តធ្វើការជាមួយគ្នានៅឯមូលនិធិ Seattle-based Bill and Melinda Gates Foundation ដែលជាមូលនិធិសប្បុរសធម៌ធំបំផុតមួយនៅលើពិភពលោក។
អ្នកទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី Twitter របស់ លោក ប៊ីលហ្គេត ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp (MSFT) ថា “បន្ទាប់ពីមានការគិតពិចារណា និងវិភាគរឿងរ៉ាវជាច្រើនលើទំនាក់ទំនងរបស់យើង យើងបានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់យើង”។ "យើងលែងជឿថា យើងនឹងអាចរីកចម្រើនជាមួយគ្នាជាប្តីប្រពន្ធនៅក្នុងដំណាក់កាលបន្ទាប់នៃជីវិតរបស់យើងទៀតហើយ”។
ពួកគេបាននិយាយទៀតថា “យើងបានចិញ្ចឹម បីបាច់ថែរក្សាកូនចំនួន ៣នាក់ ដែលមិនគួរឱ្យជឿ និងបានបង្កើតមូលនិធិមួយដែលធ្វើការនៅទូទាំងពិភពលោក ដើម្បីឱ្យមនុស្សទាំងអស់អាចរស់នៅប្រកបដោយសុខភាពល្អ និងផលិតភាព” ។ យើងស្នើសុំសេរីភាព និងភាពជាឯកជន សម្រាប់គ្រួសាររបស់យើង នៅពេលយើងចាប់ផ្តើមរកជីវិតថ្មីរៀងៗខ្លួនរបស់យើង។
លោក ប៊ីលហ្គេត ជាអតីតអ្នកមានបំផុតនៅលើពិភពលោក ហើយទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ស្មានថាមានចំនួនជាង ១០០ ពាន់លានដុល្លារ។ ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុ និងរបៀបដែលប្តីប្រពន្ធបញ្ចប់ការដោះស្រាយទ្រព្យសម្បត្តិរបស់ពួកគេ និងផលប៉ះពាល់ណាមួយដែលទាក់ទងនឹងមូលនិធិនឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសបន្ទាប់ពីគូស្វាមីភរិយាមហាសេដ្ឋីនៅតំបន់ Seattle មួយនេះ បានបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ។
គួររលឹកថា អ្នកទាំងពីរត្រូវបានចុះបញ្ជីជាសហប្រធាន និងអ្នកទទួលខុសត្រូវរបស់អង្គការមិនរកប្រាក់ចំណេញរបស់ពួកគេ គឺ Seattle-based Bill and Melinda Gates Foundation ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ។ មូលនិធិនេះបានបញ្ចប់នៅឆ្នាំ ២០១៩ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៣.៣ ពាន់លាន ដុល្លារ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុពេញមួយឆ្នាំចុងក្រោយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មូលនិធិផ្ទាល់។
គេហទំព័រនិយាយថា ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៨ លោក ប៊ីលហ្គេត ដែលមានអាយុ ៦៥ ឆ្នាំ និង មេលីនដាហ្គេត អាយុ ៥៦ ឆ្នាំ បានផ្តល់អំណោយជាង ៣៦ ពាន់លានដុល្លារ ដល់មូលនិធិនេះ។
គួរបញ្ជាក់ថា មូលនិធិនេះ បានផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើសុខភាពសាធារណៈ ការអប់រំ និងការផ្លាស់ប្តូរអាកាសធាតុ ដោយមានការបរិច្ចាគ រាប់ចាប់ពីការគាំទ្រដល់អ្នកផលិតវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលមានសក្តានុពលសម្រាប់ការរីករាលដាលនៃមេរោគឆ្លងកូរូណាវីរុស រហូតទៅដល់ការអភិវឌ្ឍបង្គន់ដើរដោយថាមពលពន្លឺព្រះអាទិត្យ ជាដើម៕NR