កូឡុំបូ៖ ប្រធានាធិបតីស្តីទីស្រីលង្កា Ranil Wickremesinghe បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នជាសាធារណៈ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលរបស់លោកព្យាយាមលុបបំបាត់ភាពចលាចលក្នុងសង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៨ កក្កដា ២០២២។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា «វាជាការចាំបាច់ដែលត្រូវធ្វើ ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ជីវិតសហគមន៍»។

សភារបស់ប្រទេសស្រីលង្កាគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ ខែកក្កដា បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ដែលបានហោះទៅកាន់ប្រទេសសិង្ហបុរីតាមរយៈម៉ាល់ឌីវ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេសអាស៊ីខាងត្បូង។

គួររម្លឹកផងដែរថា សភារបស់ប្រទេសស្រីលង្កាបានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ហើយការដឹកជញ្ជូនប្រេងឥន្ធនៈបានមកដល់ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះដោយវិបត្តិ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ