កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីថៃ បានចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ រវាងប្រទេសទាំងពីរ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ពិធីនេះចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានធ្វើឡើងនៅចំពោះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ជាមួយ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ាន ដើម្បីធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងនេះផងដែរ។
សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បាដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈម នានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក៕


