ម៉ូស្គូ៖ អង្គការណាតូបានស្នើឱ្យរៀបចំកិច្ចប្រជុំក្រុមប្រឹក្សារវាងរុស្ស៊ី និងអង្គការណាតូ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ខាងមុខនេះ នៅពេលដែលគណៈកម្មាធិការយោធាណាតូកំពុងប្រជុំនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៧ ធ្នូ ២០២១។

កាសែតរុស្សី TASS បានដកស្រង់ប្រភពពីសេវាសារព័ត៌មានអោយដឹងថា អគ្គលេខាធិការអង្គការណាតូលោក ជែនស៍ ស្តូថែនប៊ឺគ បានសម្រេចចិត្តកោះប្រជុំក្រុមប្រឹក្សាអង្គការណាតូ និងរុស្ស៊ីនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាណាតូ-រុស្ស៊ី ដោយលោកបាននិយាយថា យើងកំពុងទាក់ទងជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ។ 

ទន្ទឹមនេះ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានទទួលពាក្យស្នើសុំពីសំណាក់អង្គការណាតូ ដើម្បីបើកកិច្ចប្រជុំពាក់ព័ន្ធនឹងក្តីកង្វល់ផ្នែកសន្តិសុខពីសំណាក់ទីក្រុងម៉ូស្គូនោះហើយ ដែលវាអាចនឹងកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ហើយរុស្ស៉ីក៏កំពុងពិចារណាអំពីការចូលរួមផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំនៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះ បានបញ្ចេញនូវសេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗ ដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹងអង្គការណាតូ ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់អោយណាតូបោះបង់ចោលសកម្មភាពយោធានៅតំបន់ភាគខាងកើតអឺរ៉ុប និងអ៊ុយក្រែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ