នៅថ្ងៃអាទិត្យនេះ! ឥណ្ឌាកត់ត្រាអ្នកឆ្លងកូវីដ១៩ជាង ៣១១,០០០ករណី និងជាង៤,០០០នាក់ស្លាប់ ក្នុងរយៈពេល២៤ម៉ោង
3 ឆ្នាំ មុន
(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៧៧នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣១១,១៧០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ
បច្ចុប្បន្ននេះ ករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៦៨៤,០០៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧០,២៨៤នាក់ និងជាសះស្បើយឡើងវិញជិត ២០.៨លាននាក់ ខណៈអ្នកជំងឺ ៣.៦លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។
គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។RT