ចិន៖ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថាកំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិនបានធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយភាគច្រើននៃសមាសភាគរបស់វាត្រូវបានបំផ្លាញ នៅពេលត្រឡប់មកដល់បរិយាកាសផែនដីវិញ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្នែកជាច្រើននៃគ្រាប់រ៉ុក្កែត Long March 5B បានត្រឡប់មកដល់បរិយាកាសផែនដីវិញ នៅម៉ោង ១០៖២៤នាទីព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានធ្លាក់នៅទីតាំងមួយដែលមានកូអរដោរនេរយៈបណ្ដោយខាងកើត ៧២.៤៧ឌឺក្រេ និងរយៈទទឹងខាងជើង ២.៦៥ឌឺក្រេ។
កាលពីថ្ងៃសុក្រថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់ ព្រោះបំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី»៕RT