អាល្លឺម៉ង់៖ កាលពីថ្ងៃសុក្រ ប្រទេសអាល្លឺម៉ង់បានប្រកាសថា ប្រទេសបារាំងទាំងមូលជាតំបន់ប្រឈមការឆ្លងជំងឺ COVID-19 ខ្ពស់បំផុត ជាវិធានការមួយដែលមានន័យថា អ្នកដំណើរចាំបាច់ត្រូវបង្ហាញពីលិខិតបញ្ជាក់ភាពអវិជ្ជមាន នៃការធ្វើតេស្តរកជំងឺនេះ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែក នៅពេលចូលដល់ទឹកដីរបស់ខ្លួន។
វិទ្យាស្ថាន Robert Koch សម្រាប់ជំងឺឆ្លងរបស់អាល្លឺម៉ង់បានបញ្ជាក់ថា ប្រទេសបារាំង រួមទាំងជនជាតិបារាំងដែលរស់នៅក្រៅប្រទេសទាំងអស់ ពេលនេះត្រូវបានចាត់ទុកថា ជាការប្រឈមការចម្លងខ្ពស់ដោយសារមានករណីឆ្លងខ្ពស់។ ទន្ទឹមនឹងនេះដែរ ប្រទេសស្លូវ៉ាគី និងសាធារណរដ្ឋឆេកត្រូវបានទម្លាក់ពីតារាងពណ៌ក្រហម ដែលជាការប្រឈមការឆ្លងខ្ពស់បំផុត នៃតំបន់នានាដែលមានករណីឆ្លងវីរុសបម្លែងខ្លួនថ្មី មកនៅត្រឹមតំបន់មានការខ្ពស់។
លោកស្រីប្រធានាធិបតីអាល្លឺម៉ង់ Angela Merkel បានបង្ហើបកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំងអាចរីករាយនឹងវិធានការពិសេស និងចៀសវាងការរឹតត្បិតព្រំដែន ទោះបីជាកំពុងត្រូវបានចាត់ទុកជាតំបន់ប្រឈមការឆ្លងខ្ពស់។
គួរឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ប្រទេសបារាំងមានមនុស្សឆ្លងជំងឺ COVID-19 សរុបចំនួន ៤,៤៦៥,៩៥៦នាក់ និងស្លាប់ចំនួន ៩៤,២៧៥នាក់។ ចំណែកប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២,៧៥៤,០០២នាក់ និងស្លាប់ចំនួន ៧៦,៣០៣នាក់៕