ប្រធានាធិបតីរុស្ស៊ី និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ពិភាក្សាគ្នាតាមទូរស័ព្ទជុំវិញជម្លោះនៅអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៦ ឧសភា ២០២២។
វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាមនុស្សធម៌ រួមទាំងការជម្លៀសជនស៊ីវិលដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ នៃកងវរសេនាតូចជាតិនិយមចេញពីរោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal)។
លោក ពូទីន បាននិយាយថា យោធារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាការចាកចេញប្រកបដោយសុវត្ថិភាពរបស់ជនស៊ីវិល ដោយលោកបានបន្ថែមថា អាជ្ញាធរទីក្រុងកៀវ គួរតែបញ្ជាឱ្យពួកសកម្មប្រយុទ្ធដែលនៅសេសសល់នៅរោងចក្រអាហ្សូវស្តល់ ទម្លាក់អាវុធចុះ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា នៅមុនថ្ងៃនៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ ដែលរុស្ស៊ី និងអ៊ីស្រាអែលប្រារព្ធនៅថ្ងៃទី០៩ ខែឧសភាខាងមុខនេះ លោក ពូទីន និងលោក Bennett បានសង្កត់ធ្ងន់លើសារៈសំខាន់ជាពិសេសលើកាលបរិច្ឆេទនេះសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕RT