វ៉ាស៊ីនតោន៖ ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក អ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃឺប៊ី បានអះអាងថា រុស្ស៉ីកំពុងត្រៀមខ្លួនតែងតាំងក្រុមមន្ត្រីខុសច្បាប់, បង្កើតប្រព័ន្ធចាយប្រាក់រូប្លិ៍រុស្ស៉ី និងបង្ខំឱ្យប្រជាជនអ៊ុយក្រែនដាក់ពាក្យស្នើសុំចូលសញ្ជាតិរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ កក្កដា ២០២២។

លោក ឃឺប៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងទទួលបានព័ត៌មាននៅថ្ងៃនេះ ក្នុងនោះរួមមានទាំងព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលយើងនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាថា រុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដែលនេះជាទង្វើបំពានអធិបតេយ្យរបស់អ៊ុយក្រែនដោយផ្ទាល់។

អ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានបន្ថែមថា រុស្ស៉ីកំពុងប្រើយុទ្ធសាស្ត្រដូចគ្នាទៅនឹងការក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដើម្បីកាត់យកទឹកដីអ៊ុយក្រែន នៅតាមតំបន់ដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រង៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ