ប្រព័ន្ធផ្សព្វផ្សាយរបបយោធាភូមាដាក់ការចោទប្រកាន់កងទ័ពជនជាតិភាគតិចថា បានសម្លាប់កម្មករសំណង់ចំនួន ២៥ នាក់
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធារបស់មីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ បានចោទប្រកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានសម្លាប់កម្មករសំណង់ ២៥ នាក់ នៅភាគខាងកើតនៃប្រទេស បន្ទាប់ពីបានចាប់ជំរិតមនុស្ស ៤៧ នាក់ កាលពីខែមុន។
កាសែត Global New Light of Myanmar និងទូរទស្សន៍ Myawaddy ដែលកងទ័ពគ្រប់គ្រងបានបង្ហាញរូបភាពនៃអ្វីដែលមើលទៅដូចជាសាកសពចំនួន ២៥ ត្រូវបានគេដាក់នៅក្នុងព្រៃឈើដែលគេឈូសឆាយ។
ពួកគេបាននិយាយថា បុរសទាំងនោះបានធ្វើការនៅលើស្ពាន Uhu Creek នៅស្រុក Myawaddy ជិតព្រំដែនជាមួយប្រទេសថៃ ហើយត្រូវបានចាប់ជំរិតពីការដ្ឋានសំណង់កាលពីថ្ងៃទី ៣១ ខែឧសភា នៅក្នុងក្រុមមួយដែលមានកុមារ ១០ នាក់ និងស្ត្រី ៦ នាក់ ផងដែរ។
Global New Light of Myanmar បានផ្សាយថា សាកសពសរុប ៧ នាក់ ត្រូវបានគេរកឃើញនៅថ្ងៃទី ១១ ខែមិថុនា ដោយមួយត្រូវបានដុតហើយ មួយផ្សេងទៀតត្រូវបានចងដៃនៅខាងក្រោយខ្នង។ ហើយគេក៏បាននិយាយទៀតថា សាកសព ១៨ ផ្សេងទៀត ត្រូវបានរកឃើញនៅថ្ងៃទី ១២ ខែមិថុនា។ ម៉្យាងវិញទៀត “មន្ត្រីមកពីការដ្ឋានសាងសង់ស្ពានបានពិនិត្យសាកសពដែលមានអត្តសញ្ញាណប័ណ្ណដើម្បីជូនដំណឹងដល់ក្រុមគ្រួសារ និងសាច់ញាតិ” ។
គួររំលឹកថា យោងតាមសមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយ បាននិយាយថា កម្លាំងរបស់របបយោធាបានសម្លាប់មនុស្សជាង ៨៦០ នាក់ ចាប់តាំងពីរដ្ឋប្រហារ។ ដោយឡែក របបយោធាបានបដិសេដថា ចំនួននេះគឺទាបជាងច្រើន។ NR