ក្រុងកៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ប្តេជ្ញាថា នឹងនៅតែកាន់មុខតំណែងរបស់ខ្លួន ហើយបន្តដឹកនាំការការពារប្រទេស ប្រឆាំងនឹងការឈ្លានពានដ៏ធំរបស់កងកម្លាំងរុស្ស៊ី បើទោះបីជាលោកបានអះអាងថា ជាការស៊ើបការណ៍សម្ងាត់គួរឱ្យទុកចិត្ត ដែលក្រុមធ្វើឃាតរុស្ស៊ីកំពុងព្យាយាមកំណត់គោលដៅលោក និងក្រុមគ្រួសាររបស់លោកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២៥ កុម្ភៈ ២០២២។

ស្ថិតក្នុងស្លៀកពាក់យោធានៅសមរភូមិប្រយុទ្ធ មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រាប់ប្រជាជនរបស់លោកនៅក្នុងសារតាមវីដេអូមួយនៅចុងបញ្ចប់ នៃការប្រយុទ្ធថ្ងៃដំបូងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្រុមបំផ្លិចបំផ្លាញរបស់រុស្ស៊ីបានវាយលុកចូលក្នុងរដ្ឋធានីកៀវ ហើយ។ 

លោក ហ្សេលែនស្គី បន្តថា សត្រូវបានសម្គាល់ខ្ញុំជាគោលដៅទី ១ ហើយគ្រួសាររបស់ខ្ញុំជាគោលដៅទី ២។ ពួកគេចង់បំផ្លាញអ៊ុយក្រែនតាមបែបនយោបាយដោយបំផ្លាញប្រមុខរដ្ឋ… ប៉ុន្តែខ្ញុំកំពុងស្នាក់នៅក្នុងទីស្នាក់ការរដ្ឋាភិបាលជាមួយអ្នកផ្សេងទៀត។

ទន្ទឹមនេះ លោក ហ្សេលែនស្គី ក៏បានអះអាងផងដែរថា ប្រជាជនអ៊ុយក្រែនសរុបចំនួន ១៣៧នាក់ត្រូវបានសម្លាប់ និងជាង ៣០០នាក់ទៀតបានរងរបួសនៅក្នុងថ្ងៃដំបូងនៃសមរភូមិជាមួយកងទ័ពរុស្ស៊ីដែលឈ្លានពាន ប៉ុន្តែលោកមិនបានបង្ហាញពីចំនួនច្បាស់លាស់រវាងជនរងគ្រោះស៊ីវិល និងយោធានោះទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ