ម៉ូស្គូ៖ តំណាងមកពីអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង បានជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីវិបត្តិសន្តិសុខដែលកំពុងបន្តកើតមាននៅក្នុងតំបន់ ដូណេត និង លូហាន ភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០៧ មករា ២០២២៕

ប្រទេសទាំង៤បានបង្កើតកិច្ចប្រជុំ “Normandy Format” ហើយកិច្ចប្រជុំនេះកើតឡើងមុនកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីចាប់ផ្តើមឡើងនៅសប្តាហ៍ក្រោយ។ បារាំង និងអាល្លឺម៉ង់បានបញ្ជូនទីប្រឹក្សាការទូតទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីជួយសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងគោលបំណងព្យាយាមកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ 

រុស្ស៊ីបានប្រមូលកងទ័ពជិត ១០ម៉ឺននាក់នៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមេដឹកនាំលោកខាងលិចបានព្រមានដល់រុស្ស៊ី ដើម្បីប្រឆាំងនឹងគំនិតចង់ឈ្លានពានណាមួយនៅភាគខាងកើតអ៊ុយក្រែន។

ដោយឡែកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក លី ទ្រូស បានប្រាប់សភាថា រុស្ស៊ីជាអ្នកឈ្លានពាននៅទីនេះ។ លោកស្រីបន្ថែមថាមិនមានហេតុផលអ្វីទាំងអស់សម្រាប់ជំហររបស់រុស្ស៊ីចំពោះអ៊ុយក្រែន ហើយថា លោកស្រីនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអង្គការណាតូនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ