សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ បច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកើនដល់ប្រមាណ៨៥%
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកើនដល់ប្រមាណ៨៥%។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យមានការកើនឡើងយ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ជា សកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាល ពាសកាលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។
សម្ដេច គូសបញ្ជាក់ថា "នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យ ជនបទនៅព្រះរាជាណាចក្រកម្ពុជាបានកើនដល់ប្រមាណ៨៥%។ លើសពីនេះខេត្តចំនួន ៦ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧៣៩៧ ឃុំចំនួន ៦៥៤ ស្រុក ចំនួន ៥៩ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល"។
សម្ដេច បន្ដថា វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ការចូលរួមសហការយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និង ការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបានឆ្លុះបញ្ចាំងអំពីកម្រិតយល់ដឹងរបស់ ប្រជាជនអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យផងដែរ។
លេីសពីនេះ សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ នៅតំបន់ជនបទ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទ នាពេលកន្លងមក។ សម្ដេច ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕EB