ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីក្រូអាត ពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី
ក្រុងកៀវ៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្រូអាតលោក អង់ដ្រេ ភ្លែនកូវីច (Andrej Plenkovic) ក្នុងទីក្រុងកៀវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងថាមពល ព្រមទាំងសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៩ ឧសភា ២០២២។
នាឱកាសនោះ លោកបានថ្លែងអំណរគុណដល់ប្រទេសក្រូអាតសម្រាប់ការគាំទ្រអ៊ុយក្រែននៅលើជំហររបស់ខ្លួនទៅកាន់សមាហរណកម្មសហភាពអឺរ៉ុប និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោក ហ្សេលេនស្គី ក៏បានជំរុញឱ្យក្រូអាតជួយអ៊ុយក្រែន ក្នុងការបោសសម្អាតមីនដែលបានទម្លាក់ក្នុងកំលុងពេលមានជម្លោះ។
ជាការឆ្លើយតប លោក ភ្លែនកូវីច បានសន្យាថា ការគាំទ្ររបស់ក្រូអាស៊ីសម្រាប់អ៊ុយក្រែននឹងបន្ត។ លោក ភ្លែនកូវីច បន្តថា ក្រូអាតបានគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះអ៊ុយក្រែនក្នុងផ្នែកនយោបាយ ការទូត ផ្លូវច្បាប់ ហិរញ្ញវត្ថុ មនុស្សធម៌ និងបច្ចេកទេស ហើយយើងនឹងបន្តផ្តល់ជំនួយនេះបន្ថែមទៀត៕RT