BREAKING NEWS៖ នាយករដ្ឋមន្ត្រីជប៉ុន កំពុងធ្វើដំណើរទៅអ៊ុយក្រែន បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា
អន្តរជាតិ៖ មន្ត្រីជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ុយក្រែនដោយមេដឹកនាំជប៉ុនចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២១ មីនា ២០២៣។
លោក Kishida បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ហើយគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃអង្គារ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុន និងមន្ត្រីបក្សកាន់អំណាចបាននិយាយថា លោកបានចាកចេញទៅអ៊ុយក្រែនជំនួសវិញ។
អ្នកឆ្លើយឆ្លងព័ត៌មាន NHK ម្នាក់បានឃើញ Kishida ឡើងរថភ្លើងនៅ Przemysl ក្នុងប្រទេសប៉ូឡូញ ជិតព្រំដែនជាមួយអ៊ុយក្រែន នៅម៉ោងប្រហែល 1:30 នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ។ Kishida ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសអ៊ុយក្រែននៅពេលក្រោយនៅថ្ងៃនេះ ហើយជួបជាមួយប្រធានាធិបតី Volodymyr Zelenskyy។
យ៉ាងណាមិញ លោក Kishida ត្រូវបានគេរំពឹងថានឹងប្រាប់ Zelenskyy ថាប្រទេសជប៉ុន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមG7នៅឆ្នាំនេះនឹងស្វែងរកការរួបរួមអន្តរជាតិដោយការដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី៕RT