ឡុងដ៍៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសាទរចំពោះការដកទ័ពរបស់រុស្ស៊ីនៅច្រាំងទន្លេ Dnieper ថា ជាជ័យជម្នះសម្រាប់អ៊ុយក្រែន ក៏ប៉ុន្តែគាត់បានជំរុញប្រទេសលោកខាងលិចកុំឲ្យមើលងាយសក្តានុពលរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១០ វិចិ្ឆកា ២០២២។

ប្រមុខអង្គការណាតូរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍ យ៉ាងដូច្នេះថា យើងបានឃើញការប្រកាសនេះ ប៉ុន្តែជាការពិតណាស់ យើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើង។

ជាមួយគ្នានេះ លោកបានសរសើរកងកម្លាំងរបស់អ៊ុយក្រែន សម្រាប់សមត្ថភាពរបស់ពួកគេ ក្នុងការរំដោះទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយថា ការគាំទ្រដែលពួកគេទទួលបានពីអង់គ្លេស ពីសម្ព័ន្ធមិត្ត និងដៃគូណាតូ គឺជារឿងចាំបាច់។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយសារ ថា យើងមិនត្រូវមើលស្រាលរុស្ស៊ីទេ ពួកគេនៅតែមានសមត្ថភាព យើងបានឃើញយន្តហោះដ្រូន… យើងបានឃើញការវាយប្រហារដោយមីស៊ីល… វាបង្ហាញថា រុស្ស៊ីនៅតែអាចបង្កការខូចខាតច្រើន ។

បើតាមលោក Stoltenberg អង្គការណាតូប្តេជ្ញាថា នឹងបង្កើនទំហំកម្លាំងឆ្លើយតបរហ័សរបស់ខ្លួនដល់ជាង ៣០០,០០០នាក់ ខណៈដែលសម្ព័ន្ធមិត្តយោធាលោកខាងលិចបានចាត់ទុកថា រុស្ស៊ីជាការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់ចំពោះសន្តិភាព និងសន្តិសុខ នៅក្នុងឯកសារយុទ្ធសាស្ត្រចម្បងរបស់ខ្លួន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងខែមិថុនាកន្លងទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ