សហរដ្ឋអាមេរិក សម្រេចចិត្តបិទស្ថានទូតរបស់ខ្លួននៅបេឡារុស្ស និងអនុញ្ញាតឲ្យមន្រ្តីការទូតចាកចេញពីប្រទេសរុស្ស៊ី
អន្តរជាតិ៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្ល៊ីនឃិន បានប្រកាសផ្អាកទាំងស្រុងប្រតិបត្តិការស្ថានទូតនៅក្នុងប្រទេសបេឡារុស្ស។ លោកបាននិយាយផងដែរថា មន្រ្តីការទូតសហរដ្ឋអាមេរិកនៅរុស្ស៊ី ត្រូវបានអនុញ្ញាតដោយក្រសួងការបរទេសអាមេរិក ឲ្យចាកចេញពីប្រទេសមួយនេះ ដោយរក្សាទុកតែមន្រ្តីចាំបាច់ប៉ុណ្ណោះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ កុម្ភៈ ២០២២។
លោក ប្ល៊ីនឃិន បន្តទៀតថា ពួកយើងចាត់វិធានការទាំងនេះ ដោយសារតែបញ្ហាសន្តិសុខ និងសុវត្ថិភាព បង្កឡើងដោយការវាយប្រហារអរិភាព និងអយុត្តិធម៌របស់កងកម្លាំងយោធារុស្ស៊ី មកលើអ៊ុយក្រែន៕
ស្ថានទូតអាមេរិកនៅទីក្រុងមូស្គូមុននេះ បានណែនាំពលរដ្ឋអាមេរិកឱ្យ "ភ្លាមៗ" ចាកចេញពីប្រទេសរុស្ស៊ី ហើយការព្រមាននេះបានណែនាំឲ្យជនជាតិអាមេរិកទាំងអស់មិនគួរធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដោយលើកឡើងពី "សក្តានុពលសម្រាប់ការយាយីប្រឆាំងនឹងពលរដ្ឋអាមេរិក" ។
សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើររុស្ស៊ីចូលទៅក្នុងដែនអាកាសរបស់ខ្លួនឡើយ ហើយប្រទេសមួយចំនួនដែលនៅក្រៅប្លុក ដូចជាប្រទេសអង់គ្លេស ក៍បានហាមឃាត់ដែរ។
យ៉ាងណាមិញ បេឡារុស្ស ដែលជាសម្ព័ន្ធមិត្តយោធារបស់រុស្ស៊ី បានផ្តល់ទឹកដីរបស់ខ្លួនសម្រាប់ការវាយប្រហារ ប៉ុន្តែបេឡារុស្ស បានបដិសេធក្នុងការដាក់ពង្រាយទ័ព ផ្ទុយពីការអះអាងដែលធ្វើឡើងដោយអ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា ក្រុងគៀវ និងអ្នកគាំទ្រលោកខាងលិចចោទរុស្ស៊ីពីបទឈ្លានពានអ៊ុយក្រែន។ ពួកគេបានឆ្លើយតបនឹងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនដែលមានន័យថានឹងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ ហើយបានសន្យាបង្កើនការផ្គត់ផ្គង់សព្វាវុធដល់ក្រុងគៀវ។RT