ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ ក្រោយកូរ៉េខាងជើងធ្វើតេស្តមីស៊ីលផ្លោងចេញពីនាវាមុជទឹក
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានសម្រេចបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលនាពេលថ្មីៗចុងក្រោយនេះរបស់កូរ៉េខាងជើង។នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ៕
កិច្ចប្រជុំខាងលើបានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោងដែលជាប្រភេទបាញ់ចេញនាវាមុជទឹកដោយជោគជ័យកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ប្រភពការទូតរបស់អង្គការសហប្រជាជាតិនិយាយថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង។
សូមរំលឹកផងដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលលើកមុនរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ១៥ និងទី ២៨ ខែកញ្ញាកន្លងទៅ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងរួមគ្នាមួយ ដោយសារតែមានភាពខុសគ្នានៃមតិយោបល់រវាងប្រទេសលោកខាងលិច ចិន និងរុស្ស៊ី៕