អ៊ុយក្រែន នឹងនៅតែបន្តធ្វើសង្គ្រាម ទោះបីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១១ វិច្ឆិកា ២០២៣។
ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះបានបន្ថែមថា ការដកការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងពិបាកនឹងប៉ះពាល់ដល់គោលនយោបាយ របស់ទីក្រុងគៀវក្នុងកិច្ចការងារនេះទេ។ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល។
ថ្លែងបែបនេះនៅក្នុងការឆ្លើយតប បែបបារម្ភមួយចំពោះករណីដែលអាច មានការផ្លាស់ប្តូរសក្តានុពលនៅក្នុង គោលនយោបាយការបរទេសរបស់ សហរដ្ឋអាមេរិកប្រសិនបើមានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ពីសំណាក់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump៕