ស្ទឹងត្រែង ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ៗថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ តាមរយៈការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់។

ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ព្រមទាំងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ តាំងនៅខេត្តស្ទឹងត្រែង ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្ម និងស្មោះត្រង់ ធ្វើឱ្យក្រសួងមហាផ្ទៃ ឈានទៅអនុវត្តវិធានការវិន័យចំពោះមន្រ្តីប្រើប្រាស់គ្រឿងញៀន។

ថ្លែងដល់ការអនុវត្តវិធានការវិន័យ ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ ថា «៥ខែចុងក្រោយនេះ យើងឃើញមន្រ្តីប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ០០៦ ជាបន្តបន្ទាប់ត្រូវបានបណ្ដេញចេញ ឬមួយបន្ថយស័ក្ដិ ឬមួយដកហូតតួនាទី។ ខ្ញុំខ្លួនឯងផ្ទាល់ ឬមួយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឬមួយឯកឧត្តមអគ្គស្នងការ ក៏មិនចង់ធ្វើដែរ ប៉ុន្តែនេះជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត ទាំងការអភិវឌ្ឍធនធានមនុស្ស»។

គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល និងវះកាត់» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ឈរលើអភិក្រមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។ឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់ដំបូន្មានដល់សិស្សនាយនគរបាល នាយនគរបាលរងដែលបញ្ចប់ការសិក្សា នៅសាលានគរបាលជាតិភូមិភាគ១ ត្រូវមានស្មារតីម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្ដើមចេញពីខ្លួនឯងជាមុន ពីព្រោះប្រសិនបើកងកម្លាំងណាម្នាក់ផុងខ្លួនប្រើប្រាស់ ឬពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗក្នុងសង្គម ក្រសួងនឹងសម្រេចបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះឡើយ។

សូមបញ្ជាក់ថា សិស្សនាយនគរបាល នាយនគរបាលរង ជ័យលាភី ដែលបញ្ចប់ការសិក្សាកម្រិតបឋមវិជ្ជាជីវៈនៅសាលានគរបាលជាតិភូមិភាគ១ និងទទួលវិញ្ញាបនបត្រក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាឱកាសនោះមានចំនួន ១៧៧នាក់ នារី ២៩នាក់ ក្នុងនោះ មកពីនាយកដ្ឋាននគរបាលការពារព្រំដែនគោក ស្នងការដ្ឋាននគរបាលខេត្តរតនគិរី មណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ