ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ប្រមុខការទូតកម្ពុជាថ្មី ប្តេជ្ញាដឹកនាំវិស័យការទូតកម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាមិត្ត និងគោរពផលប្រយោជន៍គ្នា។

ការប្តេជ្ញារបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ បានរៀបចំគណៈរដ្ឋមន្រ្តីថ្មី កាលពីម្សិលមិញនេះ។

នាឱកាសនោះ លោក សុខ ចិន្តាសោភា បានសម្តែងការថ្លែងអំណរគុណចំពោះការអនុញ្ញាតរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសឲ្យបានចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសនឹងបំពេញភារកិច្ច និងកាតព្វកិច្ចក្នុងវិស័យការទូតឲ្យបន្តទទួលបានកិត្យានុភាពយូរង្វែងបន្ថែមទៀត។

ជាមួយគ្នា ក្នុងនាមរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្មី លោក សុខ ចិន្តាសោភា បានលើកឡើងពីការពង្រឹងមូលដ្ឋានគ្រឹះវិស័យការទូត តាមរយៈពង្រឹងទៅលើវិទ្យាស្ថានជំនាញការទូត យកចិត្តទុកដាក់ជំរុញមន្រ្តីការទូតវ័យឆ្លាត រួមទាំងកែសម្រួលយន្តការចាំបាច់ដល់តម្រូវការក្នុងវិស័យការទូតនេះផងដែរ។

ដោយឡែកជុំវិញវិស័យការទូតក្នុងតំបន និងអន្តរជាតិវិញ លោក សុខ ចិន្តាសោភា បានប្តេជ្ញាចិត្តខ្ពស់ក្នុងនាមអ្នកបន្តវេនវិស័យការទូត អនុវត្តប្រឆាំងចំពោះការជ្រៀតជ្រែតចូលផ្ទៃក្នុងកម្ពុជា ក៏ដូចជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបណ្តាប្រទេសដ៏ទៃ ហើយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ