ឧបនាយករដ្ឋមន្រ្តី នេត សាវឿន អញ្ជើញចូលរួមពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”
ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ CCIC រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងតួសម្ដែងទាំងអស់ ក្នុងការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» រហូតឈានដល់ការបិទបញ្ចប់ជាផ្លូវការនាថ្ងៃនេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា រឿងភាគប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បើថត គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់ អាចឈានដល់ជាង ៣០០ ភាគ។
សម្ដេចតេជោ បន្តថា ការរីកចម្រើននៅកម្ពុជា បានបង្កឱ្យមានការលំបាកខ្លាំងដល់ដំណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បីឱ្យត្រូវតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៕EB