វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែននឹងទទួលបានរថក្រោះចម្បាំង Abrams ផលិតនៅសហរដ្ឋអាមេរិក ដំបូងនៅដើមរដូវស្លឹកឈើជ្រុះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៩ មិថុនា ២០២៣។

មេបញ្ជាការកងទ័ពអាមេរិក លោក Doug Bush បានប្រាប់សន្និសិទកាសែតថា រថក្រោះចម្បាំង Abrams បានត្រៀមខ្លួនជាស្រេច សម្រាប់ការចែកចាយ។ លោកថា គ្រឿងបរិក្ខារនឹងបញ្ជូនទៅកាន់អឺរ៉ុបជាមុនសិន ហើយបន្ទាប់មកទៅអ៊ុយក្រែន រួមជាមួយនឹងអ្វីៗទាំងអស់ដែលទៅជាមួយពួកវា។

លោក Bush បន្ថែមថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវគ្រាប់រំសេវ, គ្រឿងបន្លាស់ និងប្រេងឥន្ធនៈសម្រាប់រថក្រោះ ដែលទាំងអស់នេះនឹងត្រូវដឹកជញ្ជូនព្រមគ្នាទៅឱ្យអ៊ុយក្រែន។

សហរដ្ឋអាមេរិកបានសន្យាផ្តល់រថក្រោះសរុបចំនួន ៣១គ្រឿងទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែកាលពីចុងខែកក្កដា សារព័ត៌មាន Politico បានរាយការណ៍ថា មានតែគ្រឿងបរិក្ខារធុនធ្ងន់ចន្លោះពី ៦ ទៅ ៨គ្រឿងប៉ុណ្ណោះដែលអាចផលិតវាបញ្ជូនទៅឱ្យអ៊ុយក្រែន នៅត្រឹមខែកញ្ញាខាងមុខនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច យោធាអាមេរិកបានចាប់ផ្តើមបណ្តុះបណ្តាលកងរថក្រោះអ៊ុយក្រែនបញ្ជារថក្រោះចម្បាំង Abrams ក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែឧសភា។ ការហ្វឹកហាត់រយៈពេល ១០សប្តាហ៍នេះគួរតែត្រូវបានបិទបញ្ចប់នៅក្នុងខែសីហានេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ