វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជេក ស៊ុលលីវ៉ាន បានអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចេញបញ្ជាអោយបើកការវាយប្រហារលើអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបាននិងកំពុងបន្តអំពាវនាវអោយលោក ពូទីន ជ្រើសរើសយកការទូតដើម្បីដោះស្រាយវិបត្តិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ កុម្ភៈ ២០២២។
លោក ស៊ុលលីវ៉ាន បានថ្លែងប្រាប់ក្នុងកម្មវិធី “Fox News Sunday” ថា នៅថ្ងៃណាមួយ រុស្ស៊ីអាចចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែន ឬវាអាចមានរយៈពេលពីរបីសប្តាហ៍ទៀតចាប់ពីពេលនេះតទៅ ឬរុស្ស៊ីអាចជ្រើសរើសផ្លូវការទូតជំនួសវិញ។
លោក ស៊ុលលីវ៉ាន បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីមន្ត្រីចារកម្មអាមេរិកបាននិយាយថា រុស្ស៊ីដែលបានដណ្តើមយកតំបន់ គ្រីមៀ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤នោះអាចនឹងវាយលុកអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ ០២ថ្ងៃប៉ុណ្ណោះ ហើយមានជនស៊ីវិលរហូតដល់ទៅ ៥ម៉ឺននាក់អាចនឹងបាត់បង់ជីវិត។
បន្ថែមលើនេះ មន្ត្រីយោធា និងចារកម្មអាមេរិកជឿថា រុស្ស៊ីគ្រោងនឹងធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរដ៏ធំមួយនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ជាការព្រមានដល់អង្គការណាតូ កុំឲ្យធ្វើអន្តរាគមន៍ក្នុងព្រឹត្តិការណ៍ដែលលោក ពូទីន វាយអ៊ុយក្រែន៕