តៃប៉ិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមាន ពីការប្រើប្រាស់កម្លាំងយោធា ការពារតៃវ៉ាន់ ប្រសិនបើចិនហ៊ានវាយប្រហារ ប៉ុន្តែកងទ័ពអាកាសរបស់ក្រុងប៉េកាំង នៅតែបន្ដបញ្ជូនយន្ដហោះចម្បាំង កាន់តែច្រើនឡើង ហោះរំលោភចូលទៅលើដែនអាកាសរបស់ដែនកោះមួយនេះ បន្ដទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Taiwan News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

យន្ដហោះចម្បាំងរបស់ចិន ចំនួន៤គ្រឿង កាលពីថ្ងៃទី២៥ ខែឧសភា បានហោះរំលោភចូលតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់ ហៅកាត់ ADIZ ។ នេះជាការហោះរបស់យន្ដហោះចម្បាំងចិន រំលោភចូលដែនអាកាស លើកទី១៨ នៅក្នុងខែនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា យន្ដហោះចម្បាំងរបស់កម្លាំងទ័ពអាកាសរំដោះប្រជាជនចិន ហៅកាត់ PLAAF បានហោះរំលោភចូលដែនអាកាសរបស់តៃវ៉ាន់ កាលពីថ្ងៃទី២៥ ខែឧសភា។ យន្ដហោះចម្បាំងរបស់ចិន ទាំងនោះ រួមមាន យន្ដហោះប្រយុទ្ធ ប្រភេទ J-16 ចំនួន២គ្រឿង និង យន្ដហោះប្រយុទ្ធចែងឌូ J-10 (Chengdu J-10) ។ ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ ក៏បានបញ្ជូនយន្ដហោះ ការព្រមានតាមវិទ្យុទាក់ទង និង ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស តាមដានសកម្មភាពរបស់យន្ដហោះចម្បាំងចិន ទាំងនោះ។

នៅក្នុងខែឧសភា នេះ ចិនបានបញ្ជូនយន្ដហោះយោធា ចំនួន៧៤គ្រឿង ហោះរំលោភចូលដែនអាកាសរបស់តៃវ៉ាន់។ យន្ដហោះទាំងនោះ រួមមាន យន្ដហោះប្រយុទ្ធ ចំនួន៣៤គ្រឿង យន្ដហោះ យន្ដហោះប្រដេញ ចំនួន២១គ្រឿង យន្ដហោះទម្លាក់គ្រាប់បែក ចំនួន១០គ្រឿង និង ឧទ្ធម្ភាចក្រ ចំនួន៩គ្រឿង។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែឧសភា ថា សហរដ្ឋអាមរិក នឹងប្រើប្រាស់កម្លាំងទ័ព ការពារតៃវ៉ាន់ ប្រសិនបើចិនឈ្លានពាន នៅលើដែនកោះមួយនេះ។

បើតាមសេតវិមាន បានឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅឯកិច្ចសន្ទនាសន្ដិសុខចតុភាគី ជាមួយនឹងមេដឹកនាំអូស្រ្ដាលី ឥណ្ឌា និង ជប៉ុន កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ថា គោលជំហររបស់ក្រុងវ៉ាស៊ីនតោន ចំពោះតៃវ៉ាន់ នៅតែមិនផ្លាស់ប្តូរដដែល៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ