តួកគីគំរាមមិនផ្តល់សច្ចាប័នដល់ស៊ុយអែត និងហ្វាំងឡង់ ក្នុងការចូលជាសមាជិកអង្គការណាតូជាថ្មីម្តងទៀត
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ថ្លែងថា ប្រទេសរបស់លោកនឹងមិនផ្តល់សច្ចាប័នដល់ស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិករបស់អង្គការណាតូនោះឡើយ រហូតដល់ប្រទេស Nordic ទាំងពីរ រក្សាការសន្យាដែលពួកគេបានធ្វើជាមួយទីក្រុងអង់ការ៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន News 360 នៅថ្ងៃទី ០៣ តុលា ២០២២។
ក្នុងអំឡុងការថ្លែងសុន្ទរកថានៅក្នុងសភាតួកគី លោក អឺដូហ្គាន់ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងត្រួតពិនិត្យយ៉ាងដិតដល់ ថាតើការសន្យាទាំងនេះត្រូវបានរក្សាទុកឬអត់ ហើយអះអាងថា ការសម្រេចចិត្តចុងក្រោយ នឹងអាស្រ័យលើសភាតែមួយ។ នេះបើយោងតាមទូរទស្សន៍សាធារណៈតួកគី TRT ។
តួកគីបានចោទប្រកាន់ប្រទេស Nordic ទាំងពីរថា បានគាំទ្រក្រុមប្រដាប់អាវុធឃឺដ និងអង្គការរបស់បព្វជិត Fethullah Gülen ដែលប្រទេសនេះចាត់ទុកថា ជាក្រុមភេរវករ។ សម្រាប់ស៊ុយអែត និងហ្វាំងឡង់ក្នុងការចូលរួមជាមួយអង្គការណាតូ ពាក្យសុំរបស់ពួកគេត្រូវតែមានការផ្តល់សច្ចាប័នដោយសមាជិកណាតូទាំង ៣០ ដែលក្នុងនោះ ២៨ បានធ្វើរួចហើយ ខណៈដែលការបោះឆ្នោតនៅតែរង់ចាំនៅក្នុងសភានៃប្រទេសតួកគី និងហុងគ្រី៕