ប្រទេសប៉ាគីស្ថានព្រួយបារម្ភពីការគំរាមកំហែងសន្តិសុខពីប្រទេសអាហ្វហ្គានីស្ថាន
បរទេស៖ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមមន្រ្តីប៉ាគីស្ថានអំពីសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាងរបស់ខ្លួន ខណៈក្រុមតាលីបង់ព្យាយាមបង្កើតរដ្ឋាភិបាល និងធ្វើឱ្យប្រទេសមានស្ថិរភាព បន្ទាប់ពីការចាកចេញរបស់កងកម្លាំងអាមេរិកនិងកងកម្លាំងបរទេសដទៃទៀត។
ទីក្រុងអ៊ីស្លាម៉ាបាដ មានការព្រួយបារម្ភជាពិសេសយុទ្ធជនសកម្មប្រយុទ្ធមកពីក្រុមដាច់ដោយឡែកមួយ គឺក្រុមតាលីបង់ប៉ាគីស្ថាន ដែលឆ្លងកាត់ពីអាហ្វហ្គានីស្ថាននិងបើកការវាយប្រហារយ៉ាងសាហាវលើទឹកដីរបស់ខ្លួន។ ជនជាតិប៉ាគីស្ថានរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សារបស់ក្រុមជីហាដ ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។
ជាងនេះទៀតសោដ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើអាកាសយានដ្ឋានកាប៊ុលបានកើតឡើង ហើយនៅថ្ងៃអាទិត្យនេះ ការបាញ់កាំភ្លើងរបស់ក្រុមសកម្មប្រយុទ្ធមកពីព្រំដែននៅអាហ្វហ្គានីស្ថាន បានសម្លាប់ទាហានប៉ាគីស្ថានពីរនាក់។
មន្រ្តីជាន់ខ្ពស់ប៉ាគីស្ថានម្នាក់បាននិយាយថា “ពីរទៅបីខែខាងមុខនេះគឺតឹងតែងណាស់ ហើយអ៊ីស្លាម៉ាបាដ ខ្លាចការកើនឡើងនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅតាមព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន នៅពេលដែលពួកតាលីបង់ព្យាយាមបំពេញចន្លោះទំនេរដោយការដួលរលំនៃកងកម្លាំងអាហ្វហ្គានីស្ថាន និងរដ្ឋបាលដែលគាំទ្រដោយលោកខាងលិច។
រដ្ឋាភិបាលប៉ាគីស្ថានបានថ្លែងថា ឥទ្ធិពលរបស់ខ្លួនលើចលនានេះបានថមថយជាពិសេសចាប់តាំងពីក្រុមតាលីបង់បានបង្កើនទំនុកចិត្តនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលបរិច្ឆេទសម្រាប់ការដកទ័ពអាមេរិកនិងកងទ័ពបរទេសផ្សេងទៀតចេញ។
គួររំលឹកថា ប៉ាគីស្ថានគ្រោងនឹងបញ្ជូនមន្រ្តីសន្តិសុខនិងចារកម្មដែលអាចមាន សូម្បីតែប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម (ISIS) ដ៏មានឥទ្ធិពល ទៅកាន់ទីក្រុងកាប៊ុលដើម្បីជួយក្រុមតាលីបង់រៀបចំយោធាអាហ្វហ្គានីស្ថានឡើងវិញ។ NR