បុរីញូវយ៉ក៖ ប្រធានអង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោករបស់បស្ចិមលោក បានឆ្លើយតបភ្លាមៗ ក្រោយពេលប្រធានាធិបតីរុស្ស៊ី បានគំរាមកំហែង អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅអ៊ុយក្រែន ដោយចាត់ទុកសង្គ្រាមហោវារសាស្រ្ដខ្វះការប្រុងប្រយ័ត្នបែបនេះ ជាការបង្កើននូវគ្រោះមហន្ដរាយ កាន់តែធ្ងន់ឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asia នៅថ្ងៃទី២២ កញ្ញា ២០២២។
លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការ NATO បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ការគំរាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានកើតឡើងក្រោយពេលកម្លាំងទាហានរុស្ស៊ី បានទទួលបរាជ័យជាបន្ដបន្ទាប់ នៅក្នុងសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនេះ គ្រាន់តែជាសង្គ្រាមវោហារសាស្ត្រ ប្រកបដោយគ្រោះថ្នាក់ និងខ្វះការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។
លោកប្រធានអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក រូបនេះ បានសង្កត់ធ្ងន់ ថា មធ្យោបាយតែមួយគត់ សម្រាប់ការបញ្ចប់សង្រ្គាមត្រូវតែបញ្ជាក់ ថា ក្រុងម៉ូស្គូ នឹងមិនទទួលជ័យជម្នះ នៅលើសមរភូមិនៅអ៊ុយក្រែន នោះឡើយ។
ប្រមុខអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន នៅក្នុងបទសម្ភាសន៍មួយ នាបុរីញូវយ៉ក សហរដ្ឋអាមេរិក ថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីព្រឹក ថ្ងៃពុធ បានប្រកាសអំពីការចល័តទ័ពទ្រង់ទ្រាយធំជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ បទបញ្ជារបស់លោក ពូទីន នឹងបង្កើននូវជម្លោះ កាន់តែខ្លាំង ហើយធ្វើឲ្យជីវិតមនុស្សបាត់បង់កាន់តែច្រើនឡើង។RT