ប៊ែរឡាំង៖ អាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេបំផុត នៅតំបន់អឺរ៉ុប ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងប៊ែរឡាំង ក្រោមការដឹកនាំរបស់លោកអធិការបតី អូឡាហ្វ សូលស៍ (Olaf Scholz) បានព្រមានធ្ងន់ ដល់រដ្ឋាភិបាលចិន ជុំវិញការលូកដៃចូលទៅជួយរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ មីនា ២០២៣។
លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានព្រមានធ្ងន់ៗ អំពីផលវិបាកនានា ប្រសិនបើក្រុងប៉េកាំង សម្រេចចិត្តបញ្ជូនគ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោកអធិការបតី នៅតែមានសុទិដ្ឋិនិយមថា ចិន នឹងមិនធ្វើដូច្នេះឡើយ។
ការព្រមានរបស់លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានកើតឡើង ក្រោយពេលក្រុមមន្ត្រីអាមេរិក បានព្រមានជាបន្តបន្ទាប់ដល់ប្រទេសចិន កាលពីប៉ុន្មានសប្ដាហ៍មុននេះ ថា ក្រុងប៉េកាំង កំពុងតែពិចារណាបញ្ជូនគ្រឿងសឹកទំនើបៗរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដោយរាប់បញ្ចូលទាំងគ្រាប់រំសេវផងដែរ។ ទោះជាយ៉ាងណា ការលើកឡើងរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យក្រុងប៉េកាំង ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយចាត់ទុកការចោទប្រកាន់ដោយឥតភស្ដុតាង និង កំពុងតែបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន នៅលើឆាកអន្តរជាតិ។
លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺង់ បានសង្កត់ធ្ងន់ ថា ក្រុងប៊ែរឡាំង នឹងបន្ដជួយដល់អ៊ុយក្រែន តាមអ្វីដែលពួកគេត្រូវការ។ រហូតមកដល់ពេលនេះ អាល្លឺម៉ង់ បានប្រកាសផ្ដល់រថក្រោះខ្លារខិន ជំនាន់ទី១ រាប់សិបគ្រឿង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅចុងឆ្នាំ២០២៣នេះ៕