អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចង់ជួប ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyដើម្បីពិភាក្សាអំពីជំហាននាំមកនូវសន្តិភាពបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូមកលើទីក្រុងកៀវ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២១ មេសា ២០២២។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់ថា លោកអគ្គលេខាធិការ បាននិយាយថា នៅពេលគ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ គាត់ចង់ពិភាក្សាអំពីជំហានបន្ទាន់ ដើម្បីនាំមកនូវសន្តិភាពនៅអ៊ុយក្រែន និងអនាគតនៃពហុភាគីនិយម ដោយផ្អែកលើធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ដោយឡែក លោក Guterres កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នារយៈពេល 4 ថ្ងៃ ក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការអោយជនស៊ីវិលចាកចេញពីតំបន់ជម្លោះ និងការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលរងគ្រោះខ្លាំង។

យ៉ាងណាមិញ ការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ 1945 បានសម្លាប់ ឬរងរបួសរាប់ពាន់នាក់។ 

លើសពីនេះទៅទៀត លោក Guterres បានបញ្ជាក់ថា មនុស្សជាង 12 លាននាក់ត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេសសព្វថ្ងៃនេះ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ