ប្រធានាធិបតីទួរគី ជំរុញឱ្យលោក ពូទីន ចូលរួមកិច្ចប្រជុំកំពូលកម្រិតមេដឹកនាំ ដើម្បីដោះស្រាយសង្គ្រាមអ៊ុយក្រែន
អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក តាយយីប អឺដូហ្គាន់ បានអំពាវនាវសាជាថ្មីទៅកាន់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៧ មេសា ២០២២។
ក្នុងកំលុងសន្ទនាគ្នាតាមទូរស័ព្ទ លោក អឺដូហ្គាន់ បានប្រាប់លោក ពូទីន ថាការបន្តនៃសន្ទុះវិជ្ជមានដែលសម្រេចបាននៅក្នុងកិច្ចចរចាទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីឈានទៅដល់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន គឺស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក អឺដូហ្គាន់ បានរំលឹកឡើងវិញនូវសំណើរបស់ខ្លួន ក្នុងការបង្កើនកម្រិតនៃដំណើរការរបស់ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាកម្រិតដ៏សំខាន់បំផុតក្នុងការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនដល់កម្រិតនៃមេដឹកនាំ។
ទន្ទឹមគ្នា លោក អឺដូហ្គាន់ ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃការបង្កើតបទឈប់បាញ់, ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃច្រករបៀងមនុស្សធម៌ និងការជម្លៀសដោយសុវត្ថិភាព ដោយនិយាយថា តួកគីនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើតសន្តិភាពយូរអង្វែង៕RT