ចិន៖  បណ្ដាញសារព័ត៌មានក្នុងប្រទេសចិន បានរាយការណ៍កាលពីថ្ងៃ៣១ ធ្នូ ថ្ងៃចុងឆ្នាំ២០២០ ថា មន្ត្រីសុខភាពសាធារណៈក្នុងប្រទេសចិន បានបង្ហើបឱ្យដឹងថា រកឃើញអ្នកជំងឺដែលឆ្លងវីរុសកូវីដ-១៩ក្លាយពូជ(ដែលរកឃើញនៅក្នុងចក្រភពអង់គ្លេស)ដំបូងគេនៅក្នុងប្រទេសចិនហើយ។

របាយការណ៍បានបញ្ជាក់ថា អ្នកឆ្លងមេរោគរូបនោះ ជាស្ត្រី វ័យ ២៣ឆ្នាំ ជាអ្នកស្រុកស៊ាងហៃ ដែលទើបធ្វើដំណើរត្រឡប់មកពីចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ ដោយនាង មានអាការគ្រុនក្ដៅខ្លួនមិនខ្លាំងប៉ុន្មានទេក្រោយការធ្វើដំណើរមកដល់ ដោយមន្ត្រីសុខភាពសាធារណៈ បានធ្វើការពិនិត្យរកមេរោគជាថ្មីម្ដងទៀត នៅថ្ងៃទី២៤ ធ្នូ មុននឹងអះអាងថា ស្ត្រីរូបនោះ ឆ្លងមេរោគវីរុសកូវីដ-១៩។

លទ្ធផលចេញពីបន្ទប់ពិសោធន៍ បានរកឃើញថា ស្ត្រីរូបនោះ បានឆ្លងមេរោគកូវីដ-១៩ក្លាយពូជ មកពីប្រទេសអង់គ្លេស ព្រោះវីរុស ដែលពិនិត្យឃើញ មានភាពខុសប្លែកពីវីរុស ដែលធ្លាប់រកឃើញនៅក្នុងទីក្រុងស៊ាងហៃ និងវូហាន កាលពីពេលមុននេះ ដោយវាជាវីរុសកូវីដ ប្រភេទB.1.1.7 ដែលកំពុងចម្លងសាយភាយនៅក្នុងប្រទេសអង់គ្លេសក្នុងខណៈនេះ។

បច្ចុប្បន្ន ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ របស់ប្រទេសចិន កំពុងតាមរកអ្នកដែលធ្លាប់នៅជិតដិតជាមួយស្ត្រីអ្នកជំងឺរូបនោះ ដើម្បីនាំមកធ្វើការពិនិត្យរកមេរោគកូវីដ ជាបន្តទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ