សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា “ព្រឹត្តិការណ៍នេះលំបាកជាងព្រឹត្តិការណ៍ ៣ វិច្ឆិកា លំបាកជាងព្រឹត្តិការណ៍ ២៨ វិច្ឆិកាទៅទៀត”។
ជាមួយគ្នានេះដែរ ក្នុងសារសំឡេងនេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអំពាវនាវ សុំការយោគយល់ពីប្រជាជននៅក្នុងខេត្ត នៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្ដាល ហើយសម្រាប់ប្រជាពលរដ្ឋនៅទាំងបណ្ដាលខេត្ត ប្រសិនបើអាចពន្យាពេលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញក៏សុំពន្យាសិន ដើម្បីទុកឪកាសឱ្យរាជធានីភ្នំពេញដោះស្រាយបញ្ហានេះ ចៀសវាងការកកកុញ ស្ទះចរាចណ៍ ដែលនោះក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចម្លងដល់គ្នាផងដែរ។
មិនតែប៉ុណ្ណោះទេ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈ ធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុង សាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំង អស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្ត កណ្តាល ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។