ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខព្រមានជប៉ុនកុំឱ្យចូលរួមក្នុងក្រុមប្រឹក្សានុយក្លេអ៊ែរ NCG ដែលមានសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដោយអះអាងថា ប្រសិនបើទីក្រុងតូក្យូចូលរួមនឹងធ្វើឱ្យតំបន់អាស៊ីភាគឦសាន ជួបអស្ថិរភាពមិនខានឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយខាងលើ ត្រូវបានសំដៅទៅលើ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា ដែលបានបំពេញទស្សនកិច្ចការងារទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងក្នុងរយៈពេល១២ឆ្នាំនោះថា ជាការបង្កើនក្តីបារម្ភនៅក្នុងតំបន់ ក៏ដូចជាក្តីបារម្ភរបស់សហគមន៍អន្តរជាតិ។

លោក គីម សូលវ៉ា (Kim Sol Hwa) នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើជប៉ុននៅតែចចេសចូលរួមក្នុងសម្ព័ន្ធភាពយោធា ដែលដឹកនាំឱ្យសហរដ្ឋអាមេរិក វានឹងរុញច្រានអាស៊ីភាគឦសានឱ្យធ្លាក់ទៅក្នុងអស្ថិរភាព ហើយទីបំផុតប្រែក្លាយតំបន់នេះ ទៅជាសមុទ្រភ្លើងមិនខានឡើយ»។

ក្រុម NCG ដែលត្រូវបានប្រកាសអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ទៅកាន់សហរដ្ឋអាមេរិក កាលពីខែមេសា និងមើលឃើញ ទីក្រុងវ៉ាស៊ីនតោនផ្តល់ឱ្យទីក្រុងសេអ៊ូល នូវសិទ្ធិធំជាងមុនក្នុងការរៀបចំផែនការនុយក្លេអ៊ែរ ជុំវិញជម្លោះណាមួយជាមួយកូរ៉េខាងជើង។

គួរបញ្ជាក់ថា ជប៉ុននិងកូរ៉េខាងត្បូង កំពុងគ្រោងព្រមព្រៀងគ្នានៅដើមខែក្រោយ ដើម្បីតភ្ជាប់រ៉ាដារបស់ពួកគេ តាមរយៈប្រព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានជាក់ស្តែង ស្តីអំពីមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏បាននិយាយដែរថា ទីក្រុងសេអ៊ូលនឹងបង្កើតក្រុមរួមមួយជាមួយជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានអំពីមីស៉ីលរបស់កូរ៉េខាងជើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ