តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានស្នើសុំឱ្យគណៈរដ្ឋមន្ត្រីបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ប្រទេសជប៉ុនក្នុងរង្វង់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំសារពើពន្ធ ២០២៧។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៩ វិច្ឆិកា ២០២២។ 

ស្របពេលដែលជប៉ុនចាត់វិធានការពង្រីកកញ្ចប់ថវិកាការពារជាតិប្រទេសរបស់ខ្លួន ក្នុងឆ្នាំដែលនឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧ លោក គីស៊ីដា បានផ្តល់ការណែនាំទាំងនោះដល់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ។

នេះជាលើកទីមួយហើយ ដែលលោក គីស៊ីដា បញ្ជាក់ពីកម្រិតជាក់លាក់នៃការចំណាយលើវិស័យការពារជាតិ។ ថវិកាដំបូងរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២២ មានចំនួន ១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងទំហំទឹកប្រាក់ ៥.៤ទ្រីលានយ៉េន ឬប្រហែល ៣៩.៣ពាន់លានដុល្លារ។

យ៉ាងណាមិញ រដ្ឋាភិបាលនឹងកំណត់ពីទំហំថវិកា ហើយធានាបាននូវមូលនិធិក្នុងរយៈពេល ៥ឆ្នាំបន្ទាប់នៅចុងខែធ្នូ ដោយស្វែងរកការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្រ្តសន្តិសុខក្រោយសង្គ្រាមលោកលើកទីពីររបស់ប្រទេសជប៉ុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ