ប្រទេសជាង៤០ជួបពិភាក្សាគ្នា ចំពេលអាឡឺម៉ង់ផ្ដល់រថក្រោះប្រឆាំងយន្ដហោះ ជួយដល់អ៊ុយក្រែន ចំនួន៥០គ្រឿង ក្នុងការវាយបកលើរុស្ស៊ី
ប៊ែរឡាំង៖ អាឡឺម៉ង់ ជាប្រទេសកំពូលសេដ្ឋកិច្ចលំដាប់លេខ១ នៅក្នុងតំបន់អឺរ៉ុប ហើយបានពឹងផ្អែកយ៉ាងខ្លាំង ទៅលើឧស្ម័នរាវ និង ប្រេង នាំចូលមកពីប្រទេសរុស្ស៊ី ហើយក៏មានការស្ទាក់ស្ទើរ នៅក្នុងការសម្រេចចិត្តផ្ដល់គ្រឿងចម្បាំង ព្រោះមិនចង់ប្រឈមមុខជាមួយនឹងក្រុងមូស្គូ ប៉ុន្តែនៅពេលនេះ ក្រុងប៊ែរឡាំង បានសម្រេចចិត្ត បញ្ជូនរថក្រោះប្រឆាំងនឹងយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅជួយដល់អ៊ុយក្រែន ស្របពេលមេដឹកនាំជាង៤០ប្រទេស កំពុងជួប្រជុំគ្នាដើម្បីផ្គត់ផ្គង់គ្រឿងចម្បាំង ជួយដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ វាយបកតបតវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៧ មេសា ២០២២។
ប្រទេសជាង៤០ បានរួបរួមគ្នា បង្ហាញនូវការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន។ កិច្ចចរចា ដឹកនាំដោយសហរដ្ឋអាមេរិក នេះ បានធ្វើឡើង កាលពីថ្ងៃទី២៦ ខែមេសា នៅក្នុងមូលដ្ឋានកងទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិក ស្របពេលអាឡឺម៉ង់ បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ហើយបានប្រកាសថា ក្រុងប៊ែរឡាំង (Berlin) នឹងបញ្ជូនរថក្រោះ ប្រឆាំងនឹងយន្តហោះចម្បាំង ចំនួន៥០គ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះដែរ អ៊ុយក្រែន ក៏បានបង្ហាញអំពីគោលជំហររបស់ខ្លួន គាំទ្រដល់ម៉ូលដាវី (Moldova) ជាប្រទេសជិតខាង ហើយធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀតដូចគ្នា ក្រោយមានការវាយប្រហារជាបន្ដបន្ទាប់ នៅលើដែនដីរបស់ខ្លួន ដែលគ្រប់គ្រង ដោយក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី។ អ៊ុយក្រែន បានចោទប្រកាន់ដល់ក្រុងមូស្គូ អំពីការបង្កើតនូវភាពវឹកវរ នៅក្នុងតំបន់ ហើយព្យាយាមអូសទាញប្រទេសម៉ូលដាវី ឲ្យធ្លាក់ចូលទៅក្នុងជម្លោះនេះដែរ។
នៅក្នុងការបើកកិច្ចប្រជុំ នៃតំណាងមកពីប្រទេសជាង៤០ នៅក្នុងមូលដ្ឋានកងទ័ព Ramstein នោះ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាការពារជាតិអ៊ុយក្រែន មកចូលរួម ដើម្បីយល់ដឹងទូទៅ និង មានតម្លាភាព អំពីតម្រូវការសន្តិសុខ នៅក្នុងរយៈពេលខ្លីរបស់អ៊ុយក្រែន ព្រោះយើងនឹងធ្វើការឲ្យកាន់តែខិតជិតគ្នា ដើម្បីយើងអាចជួបពួកគេ។
លោក ឡយ អូស្ទីន បានបញ្ជាក់ថា «សង្គ្រាមបានអូសបន្លាយ អស់រយៈពេល៦៣ថ្ងៃកន្លងមកនេះ ហើយឥឡូវដល់ពេលអ៊ុយក្រែន បានវាយបកទៅលើយោធារុស្ស៊ី វិញហើយ។ ការតស៊ូរបស់អ្នកបាននាំមកនូវការបំផុសគំនិត ដល់ពិភពលោកសេរី និង ការតាំងចិត្ត កាន់តែខ្លាំងសម្រាប់អង្គការណាតូ»៕RT