វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់ជំនួយយោធាថ្មី ដែលមានទំហំទឹកប្រាក់ ៦២៥លានដុល្លារដល់អ៊ុយក្រែន ខណៈការអះអាងនេះបានកើតឡើងក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរបស់គាត់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ០៦ តុលា ២០២២។

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ការអះអាងរបស់រុស្ស៊ីចំពោះការកាត់យកទឹកដីអ៊ុយក្រែនជាដាច់ខាត។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក បៃដិន បានសន្យាថា នឹងបន្តគាំទ្រអ៊ុយក្រែន នៅក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ដរាបណាសង្រ្គាមនៅតែបន្តកើតឡើង។

ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះក៏បានបញ្ជាក់ពីការបន្តការត្រៀមខ្លួនរបស់ប្រទេសលោក ដើម្បីដាក់ការចំណាយយ៉ាងធ្ងន់ធ្ងរលើបុគ្គល និងអង្គភាព ឬប្រទេសណាមួយ ដែលផ្តល់ការគាំទ្រដល់ការដាក់បញ្ចូលទឹកដីអ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី។

កញ្ចប់ជំនួយយោធាថ្មីខាងលើនេះនេះ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿង កាំភ្លើង Howitzers ៣២គ្រឿង ជាមួយគ្រាប់ ៧៥,០០០គ្រាប់ រថពាសដែកប្រភេទ MRAP ២០០គ្រឿង រួមទាំងឧបករណ៍ប្រឆាំងគ្រាប់មីនផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ