ម៉ូស្គូ៖ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន និយាយថាក្រុមគ្រួសាររបស់ទាហានរុស្ស៊ីដែលបានស្លាប់នៅក្នុងជួរកាតព្វកិច្ចក្នុងប្រទេសអ៊ុយក្រែន ត្រូវបានកំណត់ថា នឹងទទួលបានសំណងជាង ៧លានរូប្លស៍ (rubles) ឬស្មើនឹង ៦៥,០០០ដុល្លារពីរដ្ឋាភិបាល។ លោក ពូទីន បានសន្យាបែបនេះក្នុងជំនួបជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៤ មីនា ២០២២។

មេដឹកនាំរុស្ស៊ីក៏បានបដិសេធការអះអាងដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថា ប្រាក់សំណងមានចំនួនត្រឹមតែ ១១,០០០រូប្លស៍ ឬស្មើនឹង ១០០ដុល្លារប៉ុណ្ណោះ។ បើតាមលោក ពូទីន អ្នកដែលបានរងរបួសមានសិទ្ធិទទួលបានប្រាក់សំណងចំនួន ៣លានរូប្លស៍ ស្មើនឹង ២៨,០០០ដុល្លារ ខណៈដែលទាហានមានពិការភាពអចិន្ត្រៃយ៍នឹងទទួលបានប្រាក់សោធនពេញមួយជីវិតពីប្រទេសរុស្ស៊ី។ លោក ពូទីន បានសង្កត់ធ្ងន់ថា ការវាយលុកកំពុងដំណើរការយ៉ាងតឹងរ៉ឹងតាមកាលវិភាគរបស់ខ្លួន ខណៈលោកទទួលស្គាល់ថា បញ្ហាមួយចំនួនត្រូវបានជួបប្រទះក្នុងអំឡុងពេលប្រតិបត្តិការយោធា។

លោកបាននិយាយថា យោធារុស្ស៊ីបានបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់ជនស៊ីវិលអ៊ុយក្រែន ដើម្បីគេចចេញពីតំបន់ប្រយុទ្ធ ប៉ុន្តែកងកម្លាំង “នេអូណាស៊ី” ក្នុងស្រុក និង “ទាហានស៊ីឈ្នួល” បរទេសបានព្យាយាមរារាំងពួកគេមិនឱ្យចាកចេញ។ លោក ពូទីន បន្ថែមទៀតថា ក្រុមជាតិនិយម ពួកនិយមណាស៊ី និងទាហានស៊ីឈ្នួលបរទេស រួមទាំងអ្នកមកពីមជ្ឈិមបូព៌ា កំពុងប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ