វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាទៅ កាន់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសទំនើបៗ បន្ទាប់ពីការវាយប្រហារដ៏សាហាវដោយមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ១១ តុលា ២០២២។

លោក បៃដិន បានសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី ដើម្បីផ្តល់ការធានាអំពីការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនរួមទាំងការថ្កោលទោសការវាយប្រហារដោយមិនដឹងខ្លួនពីរុស្ស៊ី ដែលបានវាយប្រហារលើគោលដៅជនស៊ីវិល។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន នៅក្នុងកិច្ចសន្ទនានោះដែរ លោក បៃដិន បានសន្យាថា នឹងបន្តផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រដែលត្រូវការដើម្បីការពារខ្លួន រួមទាំងប្រព័ន្ធការពារដែនអាកាស កម្រិតខ្ពស់ផងដែរ។ 

សេតវិមានបន្ថែមថា លោក បៃដិន ក៏បានប្រាប់លោក ហ្សេលេនស្គី ដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងដៃគូរបស់ខ្លួន នឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ ក៏ដូចជានឹងបន្តដាក់បន្ទុកលើរុស្ស៊ី ដោយធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅរបស់ខ្លួន។

សូមជម្រាបថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខសរុបជាង ១៦.៨ពាន់លានដុល្លារហើយ ចាប់តាំងពីរុស្ស៊ីបានឈ្លានពាន អ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយថែមទាំងបានដាក់ ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ីផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ