បើយោងតាមក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ មិនធ្លាប់មានសាជាថ្មី បន្ទាប់ពីមនុស្ស ១០០,១៥៨ នាក់បានធ្វើតេស្តវិជ្ជមានជំងឺនេះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ក្រសួងបាននិយាយថា ប្រទេសអាមេរិកខាងត្បូងមួយនេះមានករណីឆ្លងសរុបចំនួន ១២,៣២០,១៦៩ ករណី ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ទន្ទឹមនោះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដូចគ្នាក៏មានមនុស្សចំនួន ២,៧៧៧ នាក់បានស្លាប់ដោយសារជំងឺនេះដែលធ្វើឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៣០៣,៤៦២ នាក់ ។

ប្រទេសប្រេស៊ីលមានចំនួនករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនជាងគេទី ២ លើពិភពលោក ខណៈប្រទេសដែលស្ថិតនៅលើគេគឺសហរដ្ឋអាមេរិក ។

ប្រទេសនេះបានជួបប្រទះនូវរលកថ្មីនៃករណីឆ្លងចាប់តាំងពីខែមករា ហើយចំនួនឆ្លងបច្ចុប្បន្នកំពុងវាយលុកសេវាកម្មមន្ទីរពេទ្យជាមួយនឹងអ្នកជំងឺច្រើនលើសលុប ។

បច្ចុប្បន្ននេះប្រទេសប្រេស៊ីលកំពុងមានអត្រាស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៤៤ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ និងករណីឆ្លង ៥,៨៦៣ ករណីក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ