អ៊ុយក្រែន អះអាងពីការសម្លាប់កងទ័ពរុស្ស៊ី កើនឡើងជាង២៤,០០០នាក់ និងបានកម្ទេចគ្រឿងចម្បាំងយ៉ាងច្រើន
ក្រុងគៀវ៖ នៅក្នុងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ អូសបន្លាយអស់រយៈពេល៧០ថ្ងៃកន្លងមកនេះ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ កងទ័ពអ៊ុយក្រែន បានអះអាងពីការសម្លាប់កម្លាំងទាហានរុស្ស៊ី កើនដល់ជាង ២៤,០០០នាក់ និងបានកម្ទេចគ្រឿងចម្បាំងយ៉ាងច្រើន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform នៅថ្ងៃទី០៤ ឧសភា ២០២២។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កងទ័ព ប្រហែល ២៤,៥០០នាក់ នៅក្នុងសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
បើតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា ចាប់តាំងពីការផ្ទុះសង្គ្រាម ចន្លោះពីថ្ងៃទី២៤ ខែកុម្ភៈ-៤ ខែឧសភា ឆ្នាំ២០២២ រុស្ស៊ី បានខូចខាតគ្រឿងចម្បាំងជាច្រើន រួមមាន រថក្រោះ ចំនួន១ ០៧៧គ្រឿង, យានចម្បាំង ចំនួន ២ ៦១០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន៤៩១គ្រឿង, ប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ចំនួន១៦៣គ្រឿង, ប្រព័ន្ធចម្បាំងប្រឆាំងនឹងយន្ដហោះ ចំនួន៨១គ្រឿង, យន្ដហោះចម្បាំង ចំនួន១៩៤គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៥៥គ្រឿង, យានយន្ដនិងរថយន្ដដឹកសាំង ១ ៨៦៧គ្រឿង, នាវា ចំនួន១០គ្រឿង, ដ្រូន ចំនួន៣០៣គ្រឿង និង បាញ់ទម្លាក់មីស៊ីល ចំនួន៨៧គ្រាប់។
ទោះជាយ៉ាងណា ការលើកឡើងរបស់អគ្គសេនាធិការកងទ័ពអ៊ុយក្រែន នេះ មិនទាន់មានការឆ្លើយតបភ្លាមៗ ពីភាគីរុស្ស៊ីនោះឡើយ។ ប៉ុន្ដែសង្គ្រាម នៅក្នុងរយៈពេលជាង២ខែកន្លងមកនេះ បានធ្វើឲ្យប្រទេសអ៊ុយក្រែន បានទទួលរងនូវមហាវិនាសសកម្មយ៉ាងខ្លាំងបំផុត ក្រោយសង្គ្រាមលោកលើកទី២មក។RT