ប៉េកាំង៖ ក្រោយពេលនាវាចម្បាំងរបស់សហរដ្ឋអាមេរិក បន្ដធ្វើនាវាចរណ៍ ឆ្លងកាន់ច្រកសមុទ្រតៃវ៉ាន់ ជាញឹកញាប់នោះមក ក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ហើយចាត់ទុកសកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន «ជាអ្នកបង្កើតហានិភ័យផ្នែកសន្ដិសុខ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន US News នៅថ្ងៃទី២០ កក្កដា ២០២២។

មន្រ្ដីយោធានចិន នៅថ្ងៃពុធនេះបានថ្លែង ក្រោយពេលនាវាចម្បាំងរបស់សហរដ្ឋអាមេរិក បានធ្វើនាវាចរណ៍ នៅតាមផ្លូវទឹកដ៏រសើបថា ក្រុងវ៉ាស៊ីនតោន ជាអ្នកបង្កើតឲ្យមានគ្រោះថ្នាក់ផ្នែកសន្ដិសុខ នៅក្នុងច្រកសមុទ្រតៃវ៉ាន ដោយបង្កហេតុជាញឹកញាប់ នៅតំបន់នោះ។

ដោយឡែក កងនាវាទី៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ថា នាវាពិឃាដ ប្រភេទ USS Benfold បានធ្វើនាវាចរណ៍ តាមទម្លាប់របស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តាមដែនទឹកអន្តរជាតិ «ស្របតាមច្បាប់អន្តរជាតិ»។

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក តែងតែអនុវត្ដនូវការធ្វើនាវាចរណ៍បែបនេះ ប្រហែល១ខែម្តង ហើយសកម្មភាពបែបនេះ បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកទង្វើរបស់ក្រុងវ៉ាស៊ីនតោន ជាសញ្ញាបង្ហាញ ពីការគាំទ្រដល់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះមួយនេះ ជាអាណាខេត្តរបស់ខ្លួន មិនអាចកាត់ផ្ដាច់ ឬបំបែក ចេញពីចិនបានឡើយ។ លើសពីនេះទៅទៀត ចិនតែងតែគំរាមកំហែង ពីការប្រើប្រាស់កម្លាំងយោធា វាយលុកចូលកាន់កាប់កោះតៃវ៉ាន់ ប្រសិនបើរដ្ឋាភិបាលក្រុងតៃប៉ិ ហ៊ានប្រកាស ពីឯករាជភាពរបស់ខ្លួន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ