អតីតមេទ័ពអង់គ្លេស ព្រមានថា អ៊ុយក្រែន ត្រូវតែឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ នឹងការបាត់បង់ការគាំទ្រពីលោកខាងលិច
អន្តរជាតិ៖ អតីតមេទ័ពអង់គ្លេស លោក Sir Richard Dannatt បានព្រមានថា ប្រទេសអ៊ុយក្រែន ត្រូវតែយកឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ នឹងការបាត់បង់ការគាំទ្រពីលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Daily Mail នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣។
ថ្លែងតាមវិទ្យុ Times កាលពីថ្ងៃចន្ទទី១៥ខែឧសភា អតីតមេទ័ពរូបនេះនិយាយថា យោធារុស្ស៊ី អាចនឹងដួលរលំ ក្នុងការវាយបករបស់អ៊ុយក្រែន នៅចុងឆ្នាំនេះ។
លោកបន្តថា “ការវាយបកដ៏ធំដែលយើងទាំងអស់គ្នារំពឹងទុក និងអ៊ុយក្រែនកំពុងរៀបចំ គឺមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែប្រហែលជាមិននៅសល់ពេលយូរប៉ុន្មានទៀតទេ។ ប្រសិនបើអ៊ុយក្រែន ទទួលបានជោគជ័យតាមគោលបំណងក្នុងការរំដោះទឹកដីពីរុស្ស៊ីនោះ នេះគឺជាឆ្នាំដែលពួកគេត្រូវតែធ្វើឲ្យបាន”។
លោក Sir Richard បន្ថែមថា “ប៉ុន្តែវាមានគ្រោះថ្នាក់ដែលការគាំទ្ររបស់លោកខាងលិចនឹងថមថយ។ វាក៏មានគ្រោះថ្នាក់ផងដែរដែលលោក វ្ល៉ាឌីមៀរ ពូទីននឹងយកឱកាសដើម្បីធ្វើអ្វីមួយ ដូច្នេះវាពិតជាសំខាន់ណាស់ដែលអ៊ុយក្រែន ត្រូវបើកការវាយលុកនេះឲ្យមានប្រសិទ្ធភាពចំពេលដ៏ត្រឹមត្រូវ”។
យ៉ាងណាមិញ ស្ថានភាពនៅ Bakhmut មានការលំបាក ហើយ ទីក្រុងមូស្គូមិនបានផ្លាស់ប្តូរគោលដៅរបស់ខ្លួនក្នុងការដណ្តើមយកទីក្រុងនេះទេ ហើយកំពុងបញ្ជូនកងទ័ពវាយលុកទៅកាន់ជាយក្រុង៕