មេដឹកនាំជប៉ុន និងវៀតណាម បដិសេធក្នុងការប្រើកម្លាំងនៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការអត់ធ្មត់នឹងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ
ហាណូយ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែនជាមួយមេដឹកនាំវៀតណាមនៅថ្ងៃអាទិត្យ ០១ ឧសភា នេះ ហើយបាននិយាយថាពួកគេបានយល់ព្រមលើការគោរពច្បាប់អន្តរជាតិ និងការបដិសេធចំពោះការប្រើប្រាស់កម្លាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ ឧសភា ២០២២។
ប្រទេសជប៉ុនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងបានចូលរួមជាមួយប្រទេសលោកខាងលិចក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ។ វៀតណាមក៏ដូចប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ ជៀសវាងការរិះគន់ចំៗលើរុស្ស៊ី ហើយបានអំពាវនាវឱ្យមានការអត់ធ្មត់ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងការសន្ទនាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ។
វៀតណាមជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រមួយរបស់ក្រុងម៉ូស្គូ ហើយយោធាវៀតណាមបានបំពាក់អាវុធរុស្ស៊ីភាគច្រើន។ វៀតណាមក៏មានទំនាក់ទំនងរឹងមាំជាមួយអ៊ុយក្រែន ដែលមានជនជាតិវៀតណាមប្រហែល 10,000 នាក់រស់នៅ ធ្វើការ និងសិក្សា។
ដោយឡែក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងការទាមទារទឹកដីដ៏ធំរបស់ចិននៅសមុទ្រចិនខាងត្បូង។
លើសពីនេះទៅទៀត លោក Kishida បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីវៀតណាមលោក Pham Minh Chinh ថា "យើងមិនអាចទទួលយកសកម្មភាពផ្លាស់ប្តូរស្ថានភាពដោយកម្លាំងនៅក្នុងតំបន់ណាមួយនៃពិភពលោកបានទេ" ។
គួរបញ្ជាក់ថា លោក Kishida ក៏បានរិះគន់សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបានសាងសង់កោះសិប្បនិមិត្ត និងប្រែក្លាយវាទៅជាបន្ទាយយោធា ដើម្បីពង្រឹងការទាមទារទឹកដីរបស់ខ្លួនដែលត្រូវបានបដិសេធដោយប្រទេសជិតខាង។RT